info@mvicambodia.org 0979519123/0889517123

ការបណ្តុះបណ្តាលស្តីអំពី៖ ការផលិតវីដេអូតាមរយៈស្មាតហ្វូត

15 Jul

By: giant

ការគ្រប់គ្រងធនធានព្រៃឈើប្រកបដោយនិរន្តរភាព / Uncategorized @kn

Comments: No Comments.

ម្ចាស់ជំនួយ៖ USAID
គម្រោង៖ សកម្មភាពយុវជន ដើម្បីការអភិរក្សបរិស្ថាន និងជីវចម្រុះ
សកម្មភាពគម្រោង៖ ការបណ្តុះបណ្តាលស្តីអំពី៖ ការផលិតវីដេអូតាមរយៈស្មាតហ្វូត
កាលបរិច្ចេទ៖ ថ្ងៃទី ៣០ ខែកក្តដា – ១១ ខែកញ្ញា ឆ្នាំ ២០២២

ដោយមើលឃើញថាការគម្រាមកំហែងទៅលើព្រៃឈើ សត្វព្រៃ និងជីវចម្រុះ គឺជាបញ្ហាដ៏សំខាន់បំផុតក្នុងតំបន់ទេសភាពភាគខាងកើតនៃប្រទេសកម្ពុជា។ អង្គការភូមិខ្ញុំ ជាអង្គការក្រៅរដ្ឋាភិបាល ដែលអនុវត្តសកម្មភាពជាច្រើន ដើម្បីអភិរក្សធនធាន​ធម្មជាតិតាមរយះការផ្តល់សិទ្ធិអំណាចដល់សហគមន៍ជនជាតិដើមភាគតិចដូចជា សហគមន៍តំបន់ការពារធម្មជាតិ បណ្តាញស្រ្តីជនជាតិដើម្បីភាគតិច និងបណ្តាញយុវជនជនជាតិដើម្បីភាគតិច។ 

គម្រោង៖ សកម្មភាពយុវជន ដើម្បីការអភិរក្សបរិស្ថាន និងជីវចម្រុះ បានផ្តោតសំខាន់លើការចូលរួមពីយុវជន ដើម្បីបង្កើនសមត្ថភាពនៃការផ្សព្វផ្សាយអំពីព្រៃឈើ សត្វព្រៃ ជីវចម្រុះ និងបរិស្ថាន ឲ្យទូលំទូលាយ ជាពិសេសទៅដល់សហគមន៍មូលដ្ឋានប្រកដដោយប្រសិទ្ធិភាព។ 

បន្ថែមលើនេះទៅទៀត ដោយមើលឃើញពីសក្តានុពល នៃប្រព័ន្ធផ្សព្វផ្សាយជារូបភាព និងវីដេអូ មានការពេញនិយមខ្លាំងនៅកម្ពុជា ជាពិសេសនៅតាមបណ្តាញសង្គមនានា គម្រោងបានរៀបចំវគ្គបណ្តុះបណ្តាលមួយអំពី “ការផលិតវីដេអូតាមរយៈទូរស័ព្ទស្មាតហ្វូត” សម្រាបយុវជនទាំង ១៣ សាលា ដែលស្ថិតនៅក្នុងតំបន់គោលដៅ នៃខេត្តមណ្ឌលគិរី ដើម្បីយុវជនដែលទទួលបានចំណេះដឹងពីវគ្គបណ្តុះបណ្តាលនេះ យកទៅប្រើប្រាស់ក្នុងការផលិតវីដេអូផ្សព្វផ្សាយនានា ពាក់ព័ន្ធទៅនឹង ការគាំពារ និងអភិរក្ស ព្រៃឈើ សត្វព្រៃ ជីវចម្រុះ និងបរិស្ថាន។ គោលបំណងវគ្គបណ្តុះបណ្តាលនេះ គឺចង់ចូលរួមចំណែក 

  • បង្កើនការយល់ដឹងពីសក្តានុពលរបស់បណ្តាញសង្គម សម្រាប់ការផ្សព្វផ្សាយ និងចែករំលែកព័ត៌មាន
  • យល់ដឹងពីការផលិតវីដេអូ (កម្រិតដំបូង) តាមរយៈការប្រើប្រាស់ទូរស័ព្ទដៃស្មាតហ្វូន 

ការចូលរួមរបស់យុវជនសរុបមានចំនួន ៣២៩ នាក់ (ស្រ្តី ២០៥) យុវជនជាជនជាតិដើមភាគតិច ១៦៧ នាក់ (ស្ត្រី ១១៧)។ តារយៈការធ្វើតេសត្តសាកល្បងសមត្ថភាពយុវជន យើងសង្កេតឃើញថា មុនពេលទទួលបានវគ្គបណ្តុះបណ្តាល យុវជនទាំង ១៣ សាលា ប្រចាំខេត្តមណ្ឌលគីរី មានការយល់ដឹងពីការផលិតវីដេអូអប់រំខ្លីៗ ស្ថិតនៅក្នុងកម្រិត ខ្សោយខ្លាំង (៣៦.៥៤ ភាគរយ) និងខ្សោយ (៤១.១៩ ភាគរយ) ប៉ុណ្ណោះ។ បន្ថែមលើពីនេះទៅទៀត​ ជាង ៩០ ភាគរយ នៃយុវជន មិនធ្លាប់មានបទពិសោធន៍ ពីការទទួលបានវគ្គបណ្តុះបណ្តាលលើការផលិតវីដេអូ ឬធ្លាប់ផលិតវីដេអូពីមុនមកទេ ដូច្នេះពេលមុនពេលទទួលបានវគ្គបណ្តុះបណ្តាលពីការផលិត   វីដេអូតាមរយៈស្មាតហ្វូនពីអង្គការភូមិខ្ញុំ យុវជន គាត់គិតថាការផលិតវីដេអូ គឺផ្តោតសំខាន់ខ្លាំងតែនៅទៅលើកម្មវីធីកាត់តវីដេអូតែប៉ុណ្ណោះ (Application)។ 

ប៉ុន្តែក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលមួយនេះ ចំណេះដឹងរបស់យុវជនមានការកើនឡើងប្រសើរច្រើនជាងមុន បើប្រៀបធៀបជាមួយពេលមិនទាន់ទទួលបានការបណ្តុះបណ្តាល។ យុវជន ចាប់ផ្តើមមានការយល់ដឹងពីការផលិតវីដេអូអប់រំខ្លីៗ ស្ថិតនៅក្នុងកម្រិត ធម្យម (៣៦.៧៩ ភាគរយ) និងល្អ (៤៥.៦៧ ភាគរយ)។ ម៉្យាងវិញទៀត យុវជន បានយល់ច្បាស់ថា៖ ការផលិតវីដេអូ មួយដែលមានគុណភាព ត្រូវផ្តោតសំខាន់ខ្លាំងទៅលើទ្រឹស្តី ជាពិសេសដូចជាការប្រមូលផ្តុំគំនិតសម្រាប់ការផលិតវីដេអូ ការសរសរអត្ថបទវីដេអូ និងការរៀបចំផែនការមុនពេលផលិតវីដេអូ ទើបជាគន្លឺះសំខាន់ៗពិតប្រាកដ ដើម្បីផលិតវីដេអូមួយបានល្អប្រសើរ។ យុវជន បានយល់ដឹងបន្ថែមពីអត្ថប្រយោជន៍របស់វីដេអូអប់រំខ្លីៗ និងសក្តានុពលរបស់បណ្តាញសង្គម ក្នុងការជួយផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយទៅកាន់ សហគមន៍មូលដ្ឋាន និងប្រជាជនក្នុងប្រទេស ឲ្យយល់ដឹងកាន់តែច្បាស់ពីស្ថានភាពព្រៃឈើ សត្វព្រៃ ក៏ដូចជាបរិស្ថាន នៅក្នុងប្រទេសកម្ពុជា។

ឆ្លងតាមការបណ្តុះបណ្តាលមួយនេះ យុវជនបានតាំងចិត្តថានឹងព្យាយាមរៀនផលិតវីដេអូអប់រំខ្លីៗ អំពីព្រៃឈើ សត្វព្រៃ និងជីវចម្រុះ ឲ្យបានច្រើន សម្រាប់ចែករំលែកនៅតាមបណ្តាញសង្គមនានា ដើម្បីចូលរួមផ្សព្វផ្សាយ ក៏ដូចជាជួយការពារ និងអភិរក្សសម្បត្តិធម្មជាតិយើងឲ្យបានគង់វង្ស។

***ចំណាំ៖ សម្រាប់ការដាក់ពិន្ទុ លើការសាកស្បងសមត្ថភាពយុវជន មុន និងក្រោយវគ្គបណ្តុះបណ្តាល គឺប្រើប្រាស់កម្រិតវាយតម្លៃជាប្រាំលេខ ដោយពិន្ទុទាបបំផុតគឺដំណាងឲ្យជាលេខ ១ និងពិន្ទុដែលខ្ពស់បំផុត​ គឺដំណាងឲ្យលេខ ៥ សូមអរគុណ!

This site is registered on wpml.org as a development site.