ម្ចាស់ជំនួយ៖ USAID
គម្រោង៖ សកម្មភាពយុវជន ដើម្បីការអភិរក្សបរិស្ថាន និងជីវចម្រុះ
ការបណ្តុះបណ្តាលស្តីអំពី៖ SBCC និងការកាត់បន្ថយការប្រើប្រាស់គ្រឿងសង្ហារិមដែលផលិតចេញពីឈើប្រណិត
កាលបរិច្ចេទ៖ ថ្ងៃទី២៧ មិនា – ១៥ ឧសភា ឆ្នាំ ២០២២
By: giant
ការគ្រប់គ្រងធនធានព្រៃឈើប្រកបដោយនិរន្តរភាព / Uncategorized @kn / ការគ្រប់គ្រងធនធានព្រៃឈើប្រកបដោយនិរន្តរភាព
Comments: No Comments.
ដោយមើលឃើញថាការគម្រាមកំហែងទៅលើព្រៃឈើ សត្វព្រៃ និងជីវចម្រុះ គឺជាបញ្ហាដ៏សំខាន់បំផុតក្នុងតំបន់ទេសភាពភាគខាងកើតនៃប្រទេសកម្ពុជា។ អង្គការភូមិខ្ញុំ ជាអង្គការក្រៅរដ្ឋាភិបាល ដែលអនុវត្តសកម្មភាពជាច្រើន ដើម្បីអភិរក្សធនធានធម្មជាតិតាមរយះការផ្តល់សិទ្ធិអំណាចដល់សហគមន៍ជនជាតិដើមភាគតិចដូចជា សហគមន៍តំបន់ការពារធម្មជាតិ បណ្តាញស្រ្តីជនជាតិដើម្បីភាគតិច និងបណ្តាញយុវជនជនជាតិដើម្បីភាគតិច។
គម្រោង៖ សកម្មភាពយុវជន ដើម្បីការអភិរក្សបរិស្ថាន និងជីវចម្រុះ បានផ្តោតសំខាន់លើការចូលរួមពីយុវជន ដើម្បីបង្កើនសមត្ថភាពនៃការផ្សព្វផ្សាយអំពីព្រៃឈើ សត្វព្រៃ ជីវចម្រុះ និងបរិស្ថាន ឲ្យទូលំទូលាយ ជាពិសេសទៅដល់សហគមន៍មូលដ្ឋានប្រកដដោយប្រសិទ្ធិភាព។
តាមរយៈបញ្ហាខាងលើ អង្កការភូមិខ្ញុំ បានធ្វើការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី៖ “ការកាត់បន្ថយការប្រើប្រាស់គ្រឿងសង្ហារិមដែលផលិតចេញពីឈើប្រណិត” សម្រាបយុវជនទាំង ១៣ សាលា ដែលស្ថិតនៅក្នុងតំបន់គោលដៅ នៃខេត្តមណ្ឌលគិរី ដើម្បីយុវជនដែលទទួលបានចំណេះដឹងពីវគ្គបណ្តុះបណ្តាលនេះ យកទៅប្រើប្រាស់ក្នុងការចូលរួមសកម្មភាពនានា ពាក់ព័ន្ធទៅនឹង ការគាំពារ និងអភិរក្ស ព្រៃឈើ។ គោលបំណងវគ្គ បណ្តុះបណ្តាលនេះ គឺចង់ចូលរួមចំណែក
- បង្កើនការយល់ដឹងពីគុណសម្បត្តិរបស់ព្រៃឈើ និងជីវចម្រុះ
- បង្កើនការយល់ដឹងពីផលប៉ះពាល់ពីការប្រើប្រាស់គ្រឿងសង្ហារិមធ្វើពីឈើប្រណិត
- បង្កើនឥរិយាបថវិជ្ជមានដល់អ្នកចូលរួម និងចែករំលែកបន្តទៅកាន់ មិត្តភក្តិ ក្រុមគ្រួសារ ក៏ដូចជាទៅកាន់សហគមន៍របស់គាត់ តាមរយៈការផ្លាស់ឥរិយាបទក្នុងសង្គម (SBCC)
ការចូលរួមរបស់យុវជនសរុបមានចំនួន ៣២៥ នាក់ (ស្រ្តី ២២៦) យុវជនជាជនជាតិដើមភាគតិច ១៥៩ នាក់ (ស្ត្រី ១១៦)។ តាមរយៈការធ្វើតេសត្តសាកល្បងសមត្ថភាពយុវជន យើងសង្កេតឃើញថា មុនពេលទទួលបានវគ្គបណ្តុះបណ្តាល យុវជន មានការយល់ដឹងប្រមាណតែជាង ៤៣ ភាគរយ ប៉ុណ្ណោះ ទាក់ទងទៅនឹង ព្រៃឈើ និងការប្រើប្រាស់គ្រឿងសង្ហារិមដែលផលិតចេញពីឈើប្រណិត។ ប៉ុន្តែ បន្ទាប់ពីទទួលបានវគ្តបណ្តុះបណ្តាលពីអង្គការភូមិខ្ញុំស្តីអំពី៖ ការកាត់បន្ថយការប្រើប្រាស់គ្រឿងសង្ហារិមដែលផលិតចេញពីឈើប្រណិត រួចមក យុវជនអាចយោលដឹងពីព្រៃឈើ ក៏ដូចជាបញ្ហារបស់គ្រឿងសង្ហារិមដែលផលិតចេញពីឈើប្រណិតរហូតដល់ ៨០ ភាគរយ។ បន្ថែមពីលើនេះ ឆ្លងតាមការបណ្តុះបណ្តាលមួយនេះ យុវជនបានតាំងចិត្តថានឹងកាត់បន្ថយការប្រើប្រាស់គ្រឿងសង្ហារិមដែលផលិតចេញពីឈើប្រណិត ពីមួយថ្ងៃទៅមួយថ្ងៃ ក៏ដូចជាជួយចែករំលែកពីចំណេះដឹងដែលគាត់ទទួលបានពីវគ្គបណ្តុះបណ្តាលនេះទៅកាន់ ឪពុកម្តាយ សាច់ញាតិ មិត្តភ័ក្រ និងសហគមន៍ ឲ្យបានកាន់តែបានកាន់តែច្រើនទៀត។ ម៉្យាងវិញទៀត វគ្គបណ្តុះបណ្តាលនេះ ក៏បានបង្កើនការគិតវិជ្ជមាន និងរបៀបក្នុងការនិយាយពីបញ្ហាព្រៃឈើ និងគ្រឿងសង្ហារិមដែលផលិតចេញពីឈើប្រណិត ទៅកាន់បងប្អូនសាច់ញាតិក្រុមគ្រួសារ មិត្តភ័ក្រ និងសហគមន៏ ដើម្បីចូលរួមកាត់បន្ថយការប្រើប្រាស់គ្រឿងសង្ហារឹមដែលធ្វើចេញពីឈើប្រណិត ជួយអភិរក្សព្រៃឈើ ជីវចម្រុះ និង បរិស្ថាន។ ចំណែកវិធីសាស្រ្តដែលអនុវត្តមានជោគជ័យនៅក្នុងវគ្គបណ្តុះបណ្តាលមួយនេះរួមមាន ការពិភាក្សាជាក្រុម ការឡើងធ្វើបទបង្ហាញ ការធ្វើសំណួរចម្លើយរវាងក្រុមនីមួយៗ (Q&A) ការទស្សនាវីដេអូអប់រំខ្លីៗ និងការឡើងសម្តែង (Role Play) ដែលអាចជួយ ជម្រុញឲ្យយុវជនកាត់បន្ថយភាពខ្មាស់អៀន ឬភ័យខ្លាច និងមានភាពក្លាហានក្នុងការបញ្ចេញមតិ ជាពិសេសការសម្តែងបានជួយអោយយុវជនមានការចងចាំ និងយល់ដឹងបានកាន់តែច្បាស់ពីទំនាក់ទំនងរវាងព្រៃឈើ និងគ្រឿងសង្ហារិមមដែលផលិតចេញពីឈើប្រណិត នៅក្នុងវគ្គបណ្តុះបណ្តាលមួយនេះ។
***ចំណាំ៖ សម្រាប់ការដាក់ពិន្ទុ លើការសាកស្បងសមត្ថភាពយុវជន មុន និងក្រោយវគ្គបណ្តុះបណ្តាល គឺប្រើប្រាស់កម្រិតវាយតម្លៃជាប្រាំលេខ ពិន្ទុទាបបំផុតគឺដំណាងឲ្យជាលេខ ១ និងពិន្ទុដែលខ្ពស់បំផុត គឺដំណាង ឲ្យលេខ ៥ សូមអរគុណ!