ម្ចាស់ជំនួយ៖ សហភាពអ៊ឺរ៉ុប (EU)
គម្រោង៖ ពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវីលដើម្បីដំណោះស្រាយប្រកបដោយចីរភាព
អនុវត្តដោយអង្គការដៃគូចំនួន៤គឺ៖ MVi | WWF | Oxfam | CLEC
កាលបរិច្ចេទ៖ ថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០២២
By: giant
ការគ្រប់គ្រងធនធានព្រៃឈើប្រកបដោយនិរន្តរភាព / Uncategorized @kn
Comments: No Comments.
នេះជាផ្នែកមួយ នៃការធ្វើអោយប្រសើរឡើង សម្រាប់ការងារអភិវឌ្ឍន៍សហគមន៍តំបន់ការពារធម្មជាតិ ពូជ្រៃ ដែលស្ថិតនៅក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ នៅថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០២០ ក្រុមការងារអង្គការភូមិខ្ញុំ បានធ្វើការប្រជុំជាមួយសហគមន៍តំបន់ការពារពូជ្រៃ ក្នុងគោលបំណង បង្ហាញ ពីលទ្ធផលការងារ សម្រាប់ការគ្រប់គ្រងសហគមន៍ដែលបានអនុវត្តកន្លងមក ដោយផ្តោតទៅលើ សសរស្តម្ភ ៤ សំខាន់ៗ គឺ៖១. ធនធានធម្មជាតិត្រូវបានថែរក្សា ២. សុខុមាលភាពសមាជិកសហគមន៍ត្រូវបានធ្វើអោយ ប្រសើរឡើង ៣. សុខុមាលភាពសហគមន៍ត្រូវបានធានា និង ៤. ការគាំទ្រពីខាងក្រៅ ដើម្បីប្រើប្រាស់ធ្វើជាឧបករណ៍សម្រាប់ការឆ្លុះបញ្ចាំងពីប្រសិទ្ធិភាពការងាររបស់សហគមន៍។ អ្នកចូលរួមសរុបមានចំនួន ១៥ រូប ស្រី ៧នាក់។ ជាលទ្ធផលក្រោយពីបញ្ចប់ការប្រជុំជាមួយសហគមន៍ យើងសង្កេតឃើញថា ការគាំទ្រពីខាងក្រៅទទួលបាន ២.៨៣ ពិន្ទុ និងធនធានធម្មជាតិត្រូវបានថែរក្សាទទួលបាន ២.៧១ ពិន្ទុ និងសុខុមាលភាពសមាជិកសហគមន៍ត្រូវបានធ្វើអោយប្រសើរឡើងទទួលបានពិន្ទុ ២.៤៣ ប៉ុន្តែសម្រាប់សុខុមាលភាពសហគមន៍ត្រូវបានធានាទទួលបានតែ ១.៧៥ ពិន្ទុប៉ុណ្ណោះ។ តាមរយៈការប្រជុំមួយនេះ យើងអាចវាយតម្លៃបានថា ការគ្រប់គ្រងរបស់សហគមន៍តំបន់ការពារពូជ្រៃ គួរតែពង្រឹងបន្ថែមឲ្យបានកាន់តែខ្លាំង ចំពោះសសរស្តម្ភទី៣ ដែលផ្តោតលើសុខុមាលភាពសហគមន៍ត្រូវបានធានា។
ចំណាំ៖ សម្រាប់សរសរស្តម្ភនីមួយៗ គឺមានចំនួន ៤ ពិន្ទុ ដែលពិន្ទុ ១ ជាពិន្ទុដែលទាបជាងគេ និង៤ ជាពិន្ទុដែលខ្ពស់ជាងគេ ដើម្បីប្រើប្រាស់ធ្វើជាឧបករណ៍សម្រាប់ ការឆ្លុះបញ្ចាំងពីប្រសិទ្ធិភាពការងាររបស់សហគមន៍។